Posted by: beanyim | May 24, 2016

ចំណែកដែលបាត់ទៅ

(The missing piece)

អ្នកគ្រូ សំណាង ជាគ្រូបង្រៀនបឋម សិក្សានៅសាលាឯកជនមួយកន្លែង។ គាត់ជាមនុស្សពោរពេញដោយប្រជាប្រិយភាព អ្នកណាៗក៏ស្រលាញ់រាប់អាន សិស្សប្រុសស្រីដែលធ្លាប់ឆ្លងកាត់គាត់ភាគច្រើនចូលចិត្តគាត់គ្រប់ៗគ្នា។ អ្នកគ្រូបង្រៀនដោយយកចិត្តទុកដាក់ ប៉ិនកំប្លែង និង តែងបង្កភាពសប្បាយរីក រាយជាមួយមិត្តរួមការងារ នាយក និងអ្នកជុំវិញខ្លួន។

ចំណែកឯរឿងគ្រួសារវិញ អ្នកគ្រូមានកូន 2 នាក់ ស្រីមួយ ប្រុសមួយ។ គ្រួសារគាត់រស់នៅដោយសុខសាន្ត និង សុច្ចរិតទៀងត្រង់។ ជីវិតរបស់អ្នកគ្រូ មើលទៅគ្មានអ្វីគួរឲ្យបារម្ភជាជីវិត ដែលពោរពេញដោយសុខុមាលភាព និង សុភមង្គល មិនមានពេក មិនពិបាកពេកគឺសមរម្យ។
ប៉ុន្តែជីវិតមនុស្សយើងមិនអាចសុខរហូតទេ……
ថ្វីត្បិតតែអ្នកដទៃឃើញថាគាត់រស់នៅដោយសមប្រកប តែអ្នកគ្រូរស់នៅក្នុង ភាពអាថកំបាំង។ មានន័យថា រាល់ថ្ងៃគាត់តែងមានចំណែក មួយនៃជីវិតគាត់ត្រូវបានបំភ្លេចចោល។ គាត់ព្យាយាមរកនឹក តែនឹកមិនឃើញ សោះថាវាជាអ្វី។ តែអ្នកគ្រូចាំថាគាត់ ធ្លាប់មានឧបវហេតុគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយ ក្នងពេលសាលាទៅទស្សន កិច្ចនៅទីរួមខេត្តព្រះសីហនុ ហើយក៏ក្រឡាប់ធ្លាក់ជ្រោះពេជ្រនិល។ ប៉ុន្តែនេះគឺជាអ្វីដែលគេប្រាប់គាត់ ព្រោះពេលកើតហេតុ អ្នកគ្រូមិនដឹង ស្មារតីទេ ពេលដឹងខ្លួនឡើងក៏នៅក្នុង មន្ទីរពេទ្យតែម្តងហើយងងឹតទាំងអស់មិនដឹងថាមានរឿងអីកើតឡើងទេ។ ហើយអ្វីដែលចម្លែកជាងនេះទៅទៀតគឺ គាត់តែងឃើញមានវិញ្ញាណក្មេងស្រី ម្នាក់នៅក្បែរៗគាត់រហូត តែនាងមិនធ្វើ បាបគាត់ទេ។ ជួនកាលគាត់ហត់ពេកក៏ សម្រាកមួយភ្លែតក្នុងថ្នាក់ ក្មេងស្រីនោះក៏មកបង្ហាញខ្លួនឲ្យឃើញ ក្នុងសុបិន។ ក្នេងនោះស្លៀករ៉ូបសវែង សក់ខ្លីត្រឹមស្មាមុខមាត់ស្អាត់ណាស់ សម្បុរសរភ្លឺ។ នាងមកឈរជិតគាត់ លើកដៃអង្អែលថ្ពាល់អ្នកគ្រូ ហើយញញឹមតិចៗ។ ពេលអ្នកគ្រូលូក ចាប់ដៃ ក្មេងនោះក៏រលាយបាត់ ហើយគាត់ក៏ភ្ញាក់។ សុបិនបែបនេះកើត ឡើងសឹងតែរាល់ពេលដែលគាត់គេង។ មិនថានៅសាលា ឫ ផ្ទះក្មេងនោះមករក គាត់រហូត ហើយមកពេលណាក៏មិន និយាយរកគាត់ដែរ។ ពេលខ្លះនាងមក អង្គុយមើលមុខគាត់ ខ្លះទៀតមក អង្អែលសក់គាត់ថ្នមៗ រួចនិយាយតិចៗថា ” អ្នករស់ដោយគ្មាន ខ្ញុំបាន តែខ្ញុំរស់ដោយគ្មានអ្នកមិនបាន ឡើយ…..” អ្នកគ្រូឆ្ងល់ណាស់ថា ពាក្យមួយឃ្លានោះមានន័យថាម៉េច។
រឿងចម្លែកនេះកើតឡើងចាប់ពីពេល ដែលគាត់ចេញពីមន្ទីរពេទ្យមកម៉្លេះ។ គាត់ឃើញកូនស្រីនោះរហូត។ មានពេលមួយគាត់សឹងតែត្រូវឡានដឹកដីកិនស្លាប់ទៅហើយ តែមិនដឹងមានរឿងអ្វីកើតឡើង សុខៗម៉ូតូក៏ជ្រុលទៅដួលទៅចិញ្ចើមថ្នល់ ហើយឡាននោះក៏ដាច់ហ្វ្រាំងទៅបុកអ្នកផ្សេងវិញ។ ភ្លាមនោះគាត់ឃើញកូនស្រីនោះឈកណ្តាលផ្លូវសម្លឹងមកគាត់ដោយទឹកមុខបារម្ភណាស់។ រឿងចម្លែកនេះបានបង្ខំចិត្តមនុស្សមិនជឿរឿងខ្មោចដូចអ្នកគ្រូ ណាង ទៅរកព្រះសង្ឃឲ្យជួយ។
អ្នកគ្រូយកចង្ហាន់ទៅបង្គេនព្រះសង្ឃនៅវត្តសាវន្តដែលជាកន្លែងស័ក្តសិទ្ធណាស់ ថែមទាំងលោកនៅទីនេះចេះទស្សទាយទៀតផង។ លោកតាក៏សួរ ៖

“ញោមមានរឿងអ្វីកង្វល់ចិត្តចង់សួរអាត្មាដែរទេ?”

” កូណា ហេតុអីលោកតាដឹង?”
“មកពីក្មេងនោះមែនទេ? ”

“កូណា លោកតាមើលឃើញគេដែរ? ”

“អាត្មាជាសង្ឃរឿងអីថាមើលមិនឃើញ។ ប៉ុន្តែគេមិនធ្វើអី ចៅទេ គេជួយការពារចៅរហូតហ្នឹង។”

“តែខ្ញុំកូណាមិនស្គាល់កូនហ្នឹងទេ។ គេជាអ្នកណា?”

លោកតាក៏លូកដៃយកស្លឹកឈើចម្លែកមួយពីថង់យាម ហុចឲ្យអ្នកគ្រូ។

“ញោមយកស្លឹកនេះទៅ។ រួចយប់ថ្ងៃ ១៥ កើត មុនចូលគេង ចៅសំពះស្លឹកនេះ ៣ ដង ចាំបៀមក្នុងមាត់រួចគេងទៅ ញោមនឹងចងចាំរឿងទាំងអស់ឡើងវិញ។”

អ្នកគ្រូយកស្លឹកនោះថ្វាយបង្គុំលាលោកតាមកផ្ទះវិញ។ដល់យប់ 15 កើតអ្នកគ្រូក៏ធ្វើតាមហើយចូលគេង។ ភ្លាមនោះគាត់មានអារម្មណ៍ ថាថប់ដង្ហើម ហើយដូចជាមានកម្លាំងអ្វីមកទាញគាត់មួយទំហឹងនាំគាត់ទៅ កន្លែងជ្រោះនោះ។
គាត់ឃើញមានមនុស្សច្រើនកំពុងមើលទៅក្រោមស្រែកខ្លាំងៗ ៖

“ណាង! សាតាន់! ឡើងម៉ោឲ្យលឿន! ថ្មជិតបាក់ហើយ!!!”

“អេ…ម៉េចគ្មានអ្នកណាឃើញសោះចឹង? ហើយគេស្រែកធ្វើអី។ ហើយសាតាន់ហ្នឹងអ្នកណាអ៊ីចេះ? ទាល់តែទៅមើលសិន!”

អ្នកគ្រូដើរចូលក្នុងហ្វូងមនុស្សលបៗមួយៗ គាត់បានឃើញឡានក្រុង 45 កៅអីដែលពាក់កណ្តាលខ្លួននៅលើថ្ម ពាក់កណ្តាលទៀតទើ រកចង់ធ្លាក់។ ក្នុងនោះគាត់ឃើញមានខ្លួនគាត់ និង ក្មេងស្រីអាថ៌កំបាំងនោះ។

“អ្នកគ្រូយកក្មេងចេញអស់នៅ?”

“អស់ហើយ តោះយើងទៅ។ ដើរតិចៗព្រោះថ្មដែលទ្រឡានពាក់កណ្តាលហ្នឹង ជិតបាក់ហើយ។”

សាតាន់ចាប់ឈានជើងចេញ ឡានរង្គើរចង់ធ្លាក់។ នាងមិនហ៊ានទេ បើពុំនោះទេនឹងធ្លាក់ស្លាប់ទាំង2នាក់។ នាងមើលមុខអ្នកគ្រូណាងដូចចង់ប្រាប់ ហេតុ។

“សា…សាតាន់! ខ្ញុំអត់ទៅទេ! ខ្ញុំដឹងថាទឹកមុខហ្អែងមានន័យថាម៉េច…គឺខ្ញុំអត់ ចេញពីឡាននេះទេបើហ្អែងមិនទៅជាមួយ!”
អ្នកគ្រូកុំយំអី។ បើខ្ញុំហ៊ានដកជើងចេញ ឡាននឹងក្រឡាប់ធ្លាក់ភ្លាមស្លាប់ទាំងពីរ តែបើអ្នកគ្រូចេញ គឺធ្លាក់ខ្ញុំទេ។ អ្នកគ្រូត្រូវចាំណាថា អ្នកគ្រូមានគ្រួសានៅឯផ្ទះ និង មិត្តភក្តិត្រូវការជួបមុខ ចឹងអ្នកគ្រូអាចរស់បានបើគ្មានខ្ញុំម្នាក់ ប៉ុន្តែខ្ញុំវិញ ខ្ញុំមានជីវិតរស់នៅមិនបានទេបើគ្មានអ្នកគ្រូព្រោះខ្ញុំជាកូនកំព្រាគ្មានអ្នកណាក្រៅពី អ្នកគ្រូទេជាម្តាយ និងជាឪពុក។ ខ្ញុំសុំទោស!”

សុំទោសរួច សាតាន់ក៏រត់មួយទំហឹងទៅច្រានអ្នកគ្រូណាងយ៉ាងខ្លាំងចេញទៅ ក្រៅឡាន បណ្តាលឲ្យក្បាលរបស់គាត់បុកជញ្ជាំងថ្មសន្លប់ភ្លាមៗ។ ឡាននោះក៏ធ្លាក់ទៅបាត់ជាមួយនឹងសាតាន់ រមៀល 5-6 ជុំទៅក្នុងរណ្តៅបាត់សូន្យឈឹង។ មុននឹងធ្លាក់សាតាន់មានពេលតែ 1 វិនាទីប៉ុណ្ណោះមើលមុខអ្នកគ្រូជាទីស្រលាញ់ជាចុងក្រោយ។ អ្នកគ្រូសំណាង ឃើញរូបខ្លួនឯងសន្លប់ស្តូក គាត់ក៏ស្រែកហៅសាតាន់រហូតភ្លាត់សម្លេង ភ្ញាក់ដឹងខ្លួនពីដំណេក។ខ្យល់បក់ល្វើយៗ ស្រៀវឆ្អឹងខ្នង បេះដូងលោតរណ្ដំគ្នាចង់រហែកទ្រូង ញើសហូរដូចទឹក ការពិតត្រូវបានទម្លាយ មុខអ្នកគ្រូមានសភាពស្លេកស្លាំង។

“អ្នកគ្រូចាំហើយមែនទេ ថាខ្ញុំជាអ្នកណា?”

“សា…..សា..តាន់? ”

អ្នកគ្រូក៏ស្រវាទៅអោបនាងភ្លាម រឹតយ៉ាងខ្លាំងមិនបន្ធូរទេ។

“កូនឯងដាច់ចិត្តទៅចោលគ្រូកើត។ ហេតុអី? ”

“វាមិនមែនជាអ្វីដែលខ្ញុំជ្រើស តែវាជាអ្វីដែលត្រឹមត្រូវគួរធ្វើ។ អ្នកគ្រូមានអ្នកស្រណោះស្រលាញ់ច្រើនណាស់ តែខ្ញុំគ្មានទេ។ ពេលនេះអ្នកគ្រូរកឃើញចំណែកដែលបាត់បង់នោះហើយ ខ្ញុំក៏អស់ភារកិច្ចដែរ។ សូមអ្នកគ្រូមើលថែជីវិតដែលខ្ញុំប្រគល់ឲ្យអ្នកគ្រូនេះឲ្យបានល្អ កុំឲ្យបាត់បង់ទៀត។ ”

និយាយរួចសាតាន់ក៏រលាយបាត់ទៅ ហើយចាប់ពីពេលនោះមកអ្នកគ្រូណាងក៏ លែងឃើញនាងទៀត។ ប្រហោងក្នុងចិត្តរបស់គាត់ក៏ត្រូវបានបំពេញ និង គាត់រស់នៅដោយពេញលេញអស់ចម្ងល់ ព្រោះចំណែកដែលបាត់បង់ពីជីវិតគាត់ ទៅត្រូវបានរកឃើញនោះគឺ សាតាន់។

Horror Night - រាត្រី រន្ធត់'s photo.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: