Posted by: beanyim | July 5, 2012

បើមិនខិតខំទេ នឹងស្លាប់ទៅវិញដោយទទេ…

ដោយៈ សុខ ចាន់ផល

មានឧបសគ្គច្រើនណាស់ មិនងាយនឹងខ្ញុំអាចធ្វើអ្វីបានដោយស្រួលទេ។ អាចនិយាយថាព្រោះវាសនាខ្ញុំមិនល្អ ត្រូវខិតខំឱ្យខ្លាំងជាងគេទើបអាចរស់បាន។ វាសនាប្រាកដជាមានសម្រាប់មនុស្សគ្រប់គ្នា ហើយនេះជាអ្វីដែលខ្ញុំខ្លាចរហូតមកដល់ពេលនេះ។ មនុស្សជាច្រើនអាចធំឡើងនៅក្បែរឪពុកម្ដាយ ឆ្លងកាត់ការចម្រើនវ័យងាយៗ បើមិនមានសុភមង្គលក៏សាមញ្ញៗ ប៉ុន្តែខ្ញុំបែរជាយ៉ាប់យឺនណាស់ ទម្រាំបានធំ ត្រូវរស់នៅជាមួយយាយតាផង សាច់ញាតិផង ឆ្លងពីផ្ទះមួយទៅផ្ទះមួយ គ្រាន់តែថ្នាក់បឋមសិក្សាត្រូវរៀនបួនសាលា មិនដឹងថាទេវតាម្នាក់ណាមកចារខ្សែជីវិតខ្ញុំទេ។ គ្រូទាយម្នាក់ប្រាប់ខ្ញុំថា ព្រោះបុណ្យខ្ញុំតិច ចង់ជោគជ័យដូចគេមិនបាន… រឿងខ្លះពិតជាមិនអាចតវ៉ាបានមែន តែយ៉ាងណាវាសនាអាក្រក់នោះយកឈ្នះការតាំងចិត្តរបស់ខ្ញុំមិនបានទេ ព្រោះទោះជាខ្ញុំចម្រើនវ័យដោយយ៉ាប់យឺនយ៉ាងណា ក៏ខ្ញុំនៅតែស្រលាញ់អំពើល្អ មកដល់ពេលនេះក៏មិនដែលបង្កទុក្ខភ័យឱ្យអ្នកណា បើទោះមិនមែនជាមនុស្សល្អ ក៏មិនមែនជាមនុស្សអាក្រក់។ ខ្ញុំដើរលើផ្លូវត្រូវរហូតមក… ខ្ញុំដឹង ថាទេវតាមិននៅខាងខ្ញុំទេ តែក៏គ្មានប្រយោជន៍នឹងអន់ចិត្តដែរ ហើយកំណត់ហេតុថ្ងៃនេះ ខ្ញុំសរសេរម្ដងនេះ ក្រៅពីសើរើអតីតកាល គឺតាំងចិត្តចាប់ផ្ដើមបន្តទៀត ដោយព្យាយាមទៀតដើម្បីខ្លួនឯង ដែលពេលនេះបានក្លាយជាមនុស្សធំម្នាក់ទៅហើយ។

សំណួរដែលខ្ញុំតែងតែសួរខ្លួនឯង គឺ តើខ្ញុំជាមនុស្សល្អទេ? ខ្ញុំចង់ក្លាយជាមនុស្សល្អម្នាក់ខ្លាំងណាស់ តែពិតជាពិបាក។ រហូតមកដល់ពេលនេះតើខ្ញុំធ្លាប់ជួបអ្វីខ្លះ ហើយឆ្លងកាត់អ្វីខ្លះ? ដើមឡើយអារម្មណ៍ខ្ញុំសស្អាត តែក៏ចាប់ផ្ដើមលាបពណ៌ម្ដងមួយពណ៌ៗ ទាល់តែជួនកាលមិនដឹងថាខ្លួនឯងជាអ្នកណា។ ខ្ញុំតែងតែគិតខ្លួនឯងថា តើខ្ញុំកំពុងតែមានជំងឺផ្លូវចិត្តអ្វីខ្លះ? មិនអត់ទេ ខ្លះក៏ដឹងខ្លួនឯង ខ្លះក៏មិនដឹង ប៉ុន្តែដែលល្អនោះគឺខ្ញុំចេះតាមដានអារម្មណ៍ខ្លួនឯងជាប្រចាំ។ ក្រៅពីវាសនាដែលខ្ញុំត្រូវប្រកួតប្រជែង នៅសល់ខ្លួនឯងទៀត ដែលខ្លួនឯងនេះហើយ គឺជាគូប្រកួតពិតប្រាកដរបស់ជីវិត។ ខ្ញុំចេះតែបណ្ដោយខ្លួន និងបណ្ដោយចិត្តឱ្យគិតច្រើន ជាក់ស្ដែងដូចជាការចង់ក្លាយជាមនុស្សល្អអ៊ីចឹង ខ្ញុំមិនសូវធ្វើល្អដាក់អ្នកណាទេ បែរជាពូកែអន់ចិត្តនឹងអ្នកដទៃ។ ខ្ញុំចូលចិត្តភាពយុត្តិធម៌ តែយុត្តិធម៌ពិតជាពិបាកមានក្នុងសង្គមប្រកួតប្រជែងណាស់។ ខ្ញុំតែងតែជួបមនុស្សដែលយកប្រៀបលើខ្ញុំ ធ្វើឱ្យខ្ញុំខឹង បន្ទាប់ពីខឹងក៏ច្រណែន ច្រណែនព្រោះយល់ថាមិនយុត្តិធម៌ រួចក៏សោកសៅម្នាក់ឯង។ អ្វីដែលខ្ញុំមានពីកំណើតគឺចិត្តអាណិត បេះដូងចេះយំជំនួសគេ ទើបខ្ញុំមិនចេះសងសឹកអ្នកណា បណ្ដាលឱ្យខ្ញុំចេះតែឈ្លោះនឹងខ្លួនឯង។ អ្វីដែលខ្ញុំគួរធ្វើនៅពេលនេះគឺលះបង់ចិត្តចង្អៀតអង្អល់ចោល ហើយខ្ញុំគិតថាអាចប្រើចិត្តអាណិត ដើម្បីបើកបេះដូងឱ្យទូលាយ ទើបអាចទម្លាក់សម្ពាធមួយនេះចុះ។ គិតទៅ ខ្ញុំដូចជាតឹងតែងដាក់ខ្លួនឯងពេក តែក៏ដើម្បីឱ្យខ្លួនឯងល្អដែរ។ ពេលនេះខ្ញុំគិតថាយុត្តិធម៌មិនអាចប្រើគ្រប់កាលទេសៈបានទេ ចិត្តទូលាយទើបអាចធ្វើឱ្យខ្លួនឯងរស់បានសប្បាយចិត្ត។

មនុស្សពីកំណើតគឺទទេស្អាត អាចគ្មានសូម្បីតែគំនិត ហើយប្រហែលជាសង្គមជាអ្នកផ្ដល់គំនិតឱ្យពួកគេ ហើយបើធំឡើងក្នុងសង្គមដ៏ល្អក់កករ ចង់ក្លាយជាមនុស្សល្អគឺពិបាកណាស់។ ត្រូវតែរៀន រៀនដោយព្យាយាម ព្យាយាមដោយមិនបោះបង់ ទើបអាចធ្វើបាន។ ក៏ដូចគ្នាដែរ ក្រៅពីចង់ក្លាយជាមនុស្សល្អ ខ្ញុំក៏នៅសល់កិច្ចការជាច្រើនទៀតដែលគួរតែធ្វើ ដើម្បីសាងវាសនាឱ្យខ្លួនឯង។ ខ្ញុំចាប់ផ្ដើមប្រាប់ខ្លួនឯងថា វាសនានៅក្នុងដៃខ្ញុំ ខ្ញុំក៏មានគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ ហេតុអ្វីចាំបាច់ធ្វើតាមបញ្ជានៃវាសនាដ៏អយុត្តិធម៌នោះ? មានគំនិតខុសជាច្រើនដែលគេប្រាប់ខ្ញុំថាត្រូវ ដែលខ្ញុំធ្លាប់ជឿតាមគេ តែពេលនេះខ្ញុំបានឆ្លងកាត់រឿងរ៉ាវច្រើនយ៉ាងនេះទៅហើយ គួរតែដល់ពេលដែលខ្ញុំជឿខ្លួនឯងម្ដង។

ពិភពលោកឯកា មនុស្សអាត្មានិយម តែយ៉ាងណាក៏នៅតែត្រូវរស់ រស់ដោយសប្បាយចិត្ត និងមានន័យ បើមិនអ៊ីចឹងនឹងស្លាប់ទៅវិញដោយទទេហើយ។


Responses

  1. អានចប់ហើយធ្វើឲនឹកឃើញពុទ្ធសុភាសិតមួយបទថា “អត្តាហិ អត្តនោ នាថោ” ដែលមានន័យសេចក្តីថា “ខ្លួនទីពឹងខ្លួន” ពិតមែនហើយរាល់ទង្វើគ្រប់បែបយ៉ាង ដែលយើងបានធ្វើសុទ្ធតែជារបស់យើង នៅលើលោកនេះគ្មាននរណាអាចជួយយើងបានទេ បើយើងមិនជួយខ្លួនឯងជាមុនសិន ឧទាហរណ៍ យើងស្រេកឃ្លានអាហារ យើងត្រូវតែបរភោគអាហារ, ចង់បានឡានជិះ យើងក៏ត្រូវប្រឹងប្រែងរកលុយ ។ នៅលើលោកនេះគ្មានទេវតាណាមកជួយយើងបានទេ ក្រៅពីខ្លួនយើង ។ សូមចូលមតិបន្តិចបន្តួចផង ៕

  2. ខ្ញុំកូណាសូមអរគុណ ដែលបានមកទីនេះ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: