Posted by: beanyim | June 9, 2016

គណនេយ្យទូរទៅ

12038349_609220882551012_7504346757892155512_n

https://drive.google.com/file/d/0B1dv5sqSPsPbUmhMYklrNWx2X3M/view

Posted by: beanyim | May 24, 2016

ចំណែកដែលបាត់ទៅ

(The missing piece)

អ្នកគ្រូ សំណាង ជាគ្រូបង្រៀនបឋម សិក្សានៅសាលាឯកជនមួយកន្លែង។ គាត់ជាមនុស្សពោរពេញដោយប្រជាប្រិយភាព អ្នកណាៗក៏ស្រលាញ់រាប់អាន សិស្សប្រុសស្រីដែលធ្លាប់ឆ្លងកាត់គាត់ភាគច្រើនចូលចិត្តគាត់គ្រប់ៗគ្នា។ អ្នកគ្រូបង្រៀនដោយយកចិត្តទុកដាក់ ប៉ិនកំប្លែង និង តែងបង្កភាពសប្បាយរីក រាយជាមួយមិត្តរួមការងារ នាយក និងអ្នកជុំវិញខ្លួន។

ចំណែកឯរឿងគ្រួសារវិញ អ្នកគ្រូមានកូន 2 នាក់ ស្រីមួយ ប្រុសមួយ។ គ្រួសារគាត់រស់នៅដោយសុខសាន្ត និង សុច្ចរិតទៀងត្រង់។ ជីវិតរបស់អ្នកគ្រូ មើលទៅគ្មានអ្វីគួរឲ្យបារម្ភជាជីវិត ដែលពោរពេញដោយសុខុមាលភាព និង សុភមង្គល មិនមានពេក មិនពិបាកពេកគឺសមរម្យ។
ប៉ុន្តែជីវិតមនុស្សយើងមិនអាចសុខរហូតទេ……
ថ្វីត្បិតតែអ្នកដទៃឃើញថាគាត់រស់នៅដោយសមប្រកប តែអ្នកគ្រូរស់នៅក្នុង ភាពអាថកំបាំង។ មានន័យថា រាល់ថ្ងៃគាត់តែងមានចំណែក មួយនៃជីវិតគាត់ត្រូវបានបំភ្លេចចោល។ គាត់ព្យាយាមរកនឹក តែនឹកមិនឃើញ សោះថាវាជាអ្វី។ តែអ្នកគ្រូចាំថាគាត់ ធ្លាប់មានឧបវហេតុគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយ ក្នងពេលសាលាទៅទស្សន កិច្ចនៅទីរួមខេត្តព្រះសីហនុ ហើយក៏ក្រឡាប់ធ្លាក់ជ្រោះពេជ្រនិល។ ប៉ុន្តែនេះគឺជាអ្វីដែលគេប្រាប់គាត់ ព្រោះពេលកើតហេតុ អ្នកគ្រូមិនដឹង ស្មារតីទេ ពេលដឹងខ្លួនឡើងក៏នៅក្នុង មន្ទីរពេទ្យតែម្តងហើយងងឹតទាំងអស់មិនដឹងថាមានរឿងអីកើតឡើងទេ។ ហើយអ្វីដែលចម្លែកជាងនេះទៅទៀតគឺ គាត់តែងឃើញមានវិញ្ញាណក្មេងស្រី ម្នាក់នៅក្បែរៗគាត់រហូត តែនាងមិនធ្វើ បាបគាត់ទេ។ ជួនកាលគាត់ហត់ពេកក៏ សម្រាកមួយភ្លែតក្នុងថ្នាក់ ក្មេងស្រីនោះក៏មកបង្ហាញខ្លួនឲ្យឃើញ ក្នុងសុបិន។ ក្នេងនោះស្លៀករ៉ូបសវែង សក់ខ្លីត្រឹមស្មាមុខមាត់ស្អាត់ណាស់ សម្បុរសរភ្លឺ។ នាងមកឈរជិតគាត់ លើកដៃអង្អែលថ្ពាល់អ្នកគ្រូ ហើយញញឹមតិចៗ។ ពេលអ្នកគ្រូលូក ចាប់ដៃ ក្មេងនោះក៏រលាយបាត់ ហើយគាត់ក៏ភ្ញាក់។ សុបិនបែបនេះកើត ឡើងសឹងតែរាល់ពេលដែលគាត់គេង។ មិនថានៅសាលា ឫ ផ្ទះក្មេងនោះមករក គាត់រហូត ហើយមកពេលណាក៏មិន និយាយរកគាត់ដែរ។ ពេលខ្លះនាងមក អង្គុយមើលមុខគាត់ ខ្លះទៀតមក អង្អែលសក់គាត់ថ្នមៗ រួចនិយាយតិចៗថា ” អ្នករស់ដោយគ្មាន ខ្ញុំបាន តែខ្ញុំរស់ដោយគ្មានអ្នកមិនបាន ឡើយ…..” អ្នកគ្រូឆ្ងល់ណាស់ថា ពាក្យមួយឃ្លានោះមានន័យថាម៉េច។
រឿងចម្លែកនេះកើតឡើងចាប់ពីពេល ដែលគាត់ចេញពីមន្ទីរពេទ្យមកម៉្លេះ។ គាត់ឃើញកូនស្រីនោះរហូត។ មានពេលមួយគាត់សឹងតែត្រូវឡានដឹកដីកិនស្លាប់ទៅហើយ តែមិនដឹងមានរឿងអ្វីកើតឡើង សុខៗម៉ូតូក៏ជ្រុលទៅដួលទៅចិញ្ចើមថ្នល់ ហើយឡាននោះក៏ដាច់ហ្វ្រាំងទៅបុកអ្នកផ្សេងវិញ។ ភ្លាមនោះគាត់ឃើញកូនស្រីនោះឈកណ្តាលផ្លូវសម្លឹងមកគាត់ដោយទឹកមុខបារម្ភណាស់។ រឿងចម្លែកនេះបានបង្ខំចិត្តមនុស្សមិនជឿរឿងខ្មោចដូចអ្នកគ្រូ ណាង ទៅរកព្រះសង្ឃឲ្យជួយ។
អ្នកគ្រូយកចង្ហាន់ទៅបង្គេនព្រះសង្ឃនៅវត្តសាវន្តដែលជាកន្លែងស័ក្តសិទ្ធណាស់ ថែមទាំងលោកនៅទីនេះចេះទស្សទាយទៀតផង។ លោកតាក៏សួរ ៖

“ញោមមានរឿងអ្វីកង្វល់ចិត្តចង់សួរអាត្មាដែរទេ?”

” កូណា ហេតុអីលោកតាដឹង?”
“មកពីក្មេងនោះមែនទេ? ”

“កូណា លោកតាមើលឃើញគេដែរ? ”

“អាត្មាជាសង្ឃរឿងអីថាមើលមិនឃើញ។ ប៉ុន្តែគេមិនធ្វើអី ចៅទេ គេជួយការពារចៅរហូតហ្នឹង។”

“តែខ្ញុំកូណាមិនស្គាល់កូនហ្នឹងទេ។ គេជាអ្នកណា?”

លោកតាក៏លូកដៃយកស្លឹកឈើចម្លែកមួយពីថង់យាម ហុចឲ្យអ្នកគ្រូ។

“ញោមយកស្លឹកនេះទៅ។ រួចយប់ថ្ងៃ ១៥ កើត មុនចូលគេង ចៅសំពះស្លឹកនេះ ៣ ដង ចាំបៀមក្នុងមាត់រួចគេងទៅ ញោមនឹងចងចាំរឿងទាំងអស់ឡើងវិញ។”

អ្នកគ្រូយកស្លឹកនោះថ្វាយបង្គុំលាលោកតាមកផ្ទះវិញ។ដល់យប់ 15 កើតអ្នកគ្រូក៏ធ្វើតាមហើយចូលគេង។ ភ្លាមនោះគាត់មានអារម្មណ៍ ថាថប់ដង្ហើម ហើយដូចជាមានកម្លាំងអ្វីមកទាញគាត់មួយទំហឹងនាំគាត់ទៅ កន្លែងជ្រោះនោះ។
គាត់ឃើញមានមនុស្សច្រើនកំពុងមើលទៅក្រោមស្រែកខ្លាំងៗ ៖

“ណាង! សាតាន់! ឡើងម៉ោឲ្យលឿន! ថ្មជិតបាក់ហើយ!!!”

“អេ…ម៉េចគ្មានអ្នកណាឃើញសោះចឹង? ហើយគេស្រែកធ្វើអី។ ហើយសាតាន់ហ្នឹងអ្នកណាអ៊ីចេះ? ទាល់តែទៅមើលសិន!”

អ្នកគ្រូដើរចូលក្នុងហ្វូងមនុស្សលបៗមួយៗ គាត់បានឃើញឡានក្រុង 45 កៅអីដែលពាក់កណ្តាលខ្លួននៅលើថ្ម ពាក់កណ្តាលទៀតទើ រកចង់ធ្លាក់។ ក្នុងនោះគាត់ឃើញមានខ្លួនគាត់ និង ក្មេងស្រីអាថ៌កំបាំងនោះ។

“អ្នកគ្រូយកក្មេងចេញអស់នៅ?”

“អស់ហើយ តោះយើងទៅ។ ដើរតិចៗព្រោះថ្មដែលទ្រឡានពាក់កណ្តាលហ្នឹង ជិតបាក់ហើយ។”

សាតាន់ចាប់ឈានជើងចេញ ឡានរង្គើរចង់ធ្លាក់។ នាងមិនហ៊ានទេ បើពុំនោះទេនឹងធ្លាក់ស្លាប់ទាំង2នាក់។ នាងមើលមុខអ្នកគ្រូណាងដូចចង់ប្រាប់ ហេតុ។

“សា…សាតាន់! ខ្ញុំអត់ទៅទេ! ខ្ញុំដឹងថាទឹកមុខហ្អែងមានន័យថាម៉េច…គឺខ្ញុំអត់ ចេញពីឡាននេះទេបើហ្អែងមិនទៅជាមួយ!”
អ្នកគ្រូកុំយំអី។ បើខ្ញុំហ៊ានដកជើងចេញ ឡាននឹងក្រឡាប់ធ្លាក់ភ្លាមស្លាប់ទាំងពីរ តែបើអ្នកគ្រូចេញ គឺធ្លាក់ខ្ញុំទេ។ អ្នកគ្រូត្រូវចាំណាថា អ្នកគ្រូមានគ្រួសានៅឯផ្ទះ និង មិត្តភក្តិត្រូវការជួបមុខ ចឹងអ្នកគ្រូអាចរស់បានបើគ្មានខ្ញុំម្នាក់ ប៉ុន្តែខ្ញុំវិញ ខ្ញុំមានជីវិតរស់នៅមិនបានទេបើគ្មានអ្នកគ្រូព្រោះខ្ញុំជាកូនកំព្រាគ្មានអ្នកណាក្រៅពី អ្នកគ្រូទេជាម្តាយ និងជាឪពុក។ ខ្ញុំសុំទោស!”

សុំទោសរួច សាតាន់ក៏រត់មួយទំហឹងទៅច្រានអ្នកគ្រូណាងយ៉ាងខ្លាំងចេញទៅ ក្រៅឡាន បណ្តាលឲ្យក្បាលរបស់គាត់បុកជញ្ជាំងថ្មសន្លប់ភ្លាមៗ។ ឡាននោះក៏ធ្លាក់ទៅបាត់ជាមួយនឹងសាតាន់ រមៀល 5-6 ជុំទៅក្នុងរណ្តៅបាត់សូន្យឈឹង។ មុននឹងធ្លាក់សាតាន់មានពេលតែ 1 វិនាទីប៉ុណ្ណោះមើលមុខអ្នកគ្រូជាទីស្រលាញ់ជាចុងក្រោយ។ អ្នកគ្រូសំណាង ឃើញរូបខ្លួនឯងសន្លប់ស្តូក គាត់ក៏ស្រែកហៅសាតាន់រហូតភ្លាត់សម្លេង ភ្ញាក់ដឹងខ្លួនពីដំណេក។ខ្យល់បក់ល្វើយៗ ស្រៀវឆ្អឹងខ្នង បេះដូងលោតរណ្ដំគ្នាចង់រហែកទ្រូង ញើសហូរដូចទឹក ការពិតត្រូវបានទម្លាយ មុខអ្នកគ្រូមានសភាពស្លេកស្លាំង។

“អ្នកគ្រូចាំហើយមែនទេ ថាខ្ញុំជាអ្នកណា?”

“សា…..សា..តាន់? ”

អ្នកគ្រូក៏ស្រវាទៅអោបនាងភ្លាម រឹតយ៉ាងខ្លាំងមិនបន្ធូរទេ។

“កូនឯងដាច់ចិត្តទៅចោលគ្រូកើត។ ហេតុអី? ”

“វាមិនមែនជាអ្វីដែលខ្ញុំជ្រើស តែវាជាអ្វីដែលត្រឹមត្រូវគួរធ្វើ។ អ្នកគ្រូមានអ្នកស្រណោះស្រលាញ់ច្រើនណាស់ តែខ្ញុំគ្មានទេ។ ពេលនេះអ្នកគ្រូរកឃើញចំណែកដែលបាត់បង់នោះហើយ ខ្ញុំក៏អស់ភារកិច្ចដែរ។ សូមអ្នកគ្រូមើលថែជីវិតដែលខ្ញុំប្រគល់ឲ្យអ្នកគ្រូនេះឲ្យបានល្អ កុំឲ្យបាត់បង់ទៀត។ ”

និយាយរួចសាតាន់ក៏រលាយបាត់ទៅ ហើយចាប់ពីពេលនោះមកអ្នកគ្រូណាងក៏ លែងឃើញនាងទៀត។ ប្រហោងក្នុងចិត្តរបស់គាត់ក៏ត្រូវបានបំពេញ និង គាត់រស់នៅដោយពេញលេញអស់ចម្ងល់ ព្រោះចំណែកដែលបាត់បង់ពីជីវិតគាត់ ទៅត្រូវបានរកឃើញនោះគឺ សាតាន់។

Horror Night - រាត្រី រន្ធត់'s photo.
Posted by: beanyim | May 24, 2016

កំណប់

កំណប់មាសមួយហិបកប់នៅក្នុងដំបូកក្រោមដើមត្នោតបីដើម…

តើលោកអ្នកជឿសុបិនទេ? សុបិនឃើញគេប្រាប់ឱ្យទៅជីកកំណប់! វាប្រហែលមិនមានទេវតាឯណាមកពន្យល់សប្តិនេះទេ តែប្រហែលជាខ្មោចព្រាយបិសាចអត់មានការងារធ្វើ មកលេងសើចក៏មិនដឹង។

ព្រឹកនេះព្រះសុរិយារះសើចស្ញេញដាក់ខ្ញុំ។ ខ្ញុំយករឿងយល់សប្តិពីយប់មិញមកគិត។ កំណប់មាសមួយហិបកប់នៅក្នុងដំបូកក្រោមដើមត្នោតបីដើម។ ខ្ញុំស្គាល់ទីកន្លែងនោះច្បាស់ដូចថ្ងៃ។ ថាអរក៏មិនអរខ្លាំង ថាមិនចាប់អារម្មណ៍ក៏កុហក។ មែន! ខ្ញុំគិតថាមិនដែលនៅលើលោកនេះមានរឿងព្រេងសំណាងស្រួលៗអាចកើតលើខ្លួនខ្ញុំទេ។ រស់នៅតាំងពីតូចដល់ពេញកំលោះ ខ្ញុំជួបប្រទះតែរឿងស៊យឡើងធុញទ្រាន់ទៅហើយ។ រឿងអីដេកសុខៗគេហៅឱ្យទៅយកកំណប់នោះ? ហើយបើសិនជាខ្ញុំពិតជាបានកំណប់មួយហិបមែន មនុស្សល្ងង់ដូចជាខ្ញុំក៏មិនដឹងយកទៅប្រើជាប្រយោជន៍អីដែរ យ៉ាងច្រើនយកមកដេកស៊ី ក្លាយខ្លួនជាជ្រូកប៉ុណ្ណោះ។

ទោះយ៉ាងណាខ្ញុំនៅតែដើរទៅទីកន្លែងក្នុងសុបិននោះ។ ដើរបណ្តើរ ខ្ញុំឆ្ងល់បណ្តើរ។ ដើមស្មៅនៅតាមផ្លូវថ្ងៃនេះហាក់ត្រូវសត្វគោជាន់ឡើងខ្ទេចខ្ទី ឯដីវិញហាក់ដូចជាត្រូវទ័ពសេះទើបតែរត់កាត់ហើយថ្មីៗ។ ទេ! មិនមែនទ័ពសេះទេ! …គោក៏មិនមែនដែរ! ខ្ញុំឈប់ង៉ក់ រួចឈរចំហមាត់ធ្លុង។ ឱ! អ្នកភូមិទាំងអស់កំពុងប្រមូលផ្តុំគ្នាក្លាយជាសំបុកឃ្មុំ។ សំឡេងរញ៉េចរញ៉ូចរបស់ហ្វូងមនុស្សដែលខំប្រជ្រៀតគ្នានៅម្តុំគល់ត្នោត លាន់ទ្រហឹងអាក្រក់ស្តាប់ជាងសំឡេងចាបចូលសំបុកឆ្ងាយណាស់។ សម្លឹងមើលពីក្បាលខ្មៅដ៏កុះករនោះត្រង់ទៅលើ គឺត្រូវប៉ាច់ចំពីក្រោមដើមត្នោតបីដើមក្នុងសុបិនខ្ញុំ។ ងាប់ហើយ! មកមិនទាន់គេទេខ្ញុំ! ដំបូកក្រោមដើមត្នោតបីដើមនេះប្រាកដជាមានកំណប់មែនហើយ។ តើអ្នកណាទៅហ្ន៎បានជាមកពន្យល់សប្តិប្រាប់មនុស្សមួយភូមិយ៉ាងនេះ?

“អ៊ើ! អាអ្នកជីក! ជីកយូរហើយ ឃើញកំណប់នៅហ្អា៎?” សំឡេងនេះ បន្លឺចេញពីមាត់មនុស្សដែលឈរនៅខាងក្រៅ ចូលទៅជីកកំណប់មិនបាន។

“ប្រូស!” កុំច្រឡំ! មិនមែនផ្លែត្នោតទុំជ្រុះធ្លាក់ត្រូវក្បាលហ្វូងមនុស្សទេ។ គឺសំឡេងបុរសពីរនាក់ដាល់គ្នាដួលច្រងាប់ច្រងិល។ ឱ! ផ្លែត្នោតអើយ ធ្លាក់ត្រូវក្បាលអាពីរនាក់ហ្នឹងឱ្យបែកអំពិលអំពែកទៅមើល៍!

“នែ៎! ឈប់វ៉ៃតប់គ្នាទៅអារំបល់យក៍! ពួកអ្ហែងប្រយ័ត្នកាប់គ្នាងាប់ ខានបានកំណប់។” ឮអ៊ំស្រីម្នាក់ដាស់តឿន ទើបអាពីរនាក់នោះឈប់វ៉ៃគ្នា រួចត្រឡប់ទៅច្របូកច្របល់នឹងគេឯងបន្តទៀត។

“ផាំង!” កូនក្មេងស្រែកយំចាច។ មនុស្សគ្រប់គ្នាងាកទៅមើលទិសដៅមួយ។ គឺនគរបាលម្នាក់ធ្វើឫកសឿងសម្បើមណាស់ ដៃកាន់កាំភ្លើងបាញ់ទៅឋានលើក្ឌាំង រួចឱនមុខសន្លឹមៗ វាត់គ្រាប់ភ្នែកវ៉េវទៅគ្រាប់ភ្នែករាប់មិនអស់ ហើយបោះដឹងសម្តីយ៉ាងឈ្លើយថា “ឆាប់ចេញពីដំបូកនេះឱ្យអស់ភ្លាម!…”

“ខ្យល់គរ!” សំឡេងអ្នកភូមិផ្អើលឆរទៅមើលយាយចាស់ម្នាក់ដែលដួលសន្លប់។

“ផាំង!” ស្នូរកាំភ្លើងលាន់ម្តងទៀត។ អ្នកភូមិធ្វើភ្នែកឡេមឡាមដាក់គ្នា។ អានគរបាលនោះក៏ស្រែកចំទាល “កុំរញ៉េចរញ៉កទៀត! នាំគ្នាយកយាយខ្យល់គរទៅផ្ទះគាត់ទៅ! មនុស្សជិតងាប់ហើយ មិនព្រមជួយគ្នាទេ! ហើយកូនចៅអាណាស្រែកយំឱ្យទ្រហឹងហ្នឹង ឆាប់យកទៅឱ្យបៅឱ្យអីទៅ! យី! ជ្រើមនោះជ្រើម! កំណប់ស្អីមកនៅកណ្តាលវាលស្រែហ្នឹង? ឆាប់ទៅផ្ទះឱ្យអស់ភ្លាម!”

“មិនភ្លើទៅទេ! ម៉េចប្រុងយកកំណប់តែម្នាក់ឯងអេះ?” សំឡេងយុវជនក្លាហានម្នាក់។

“ផាំង!” យុវជនក្លាហានឡើងស្វាយបបូរមាត់។ នគរបាលអាងកាំភ្លើង ស្រែកឮឡូងៗទៀត “អ្ហែងអាងអីថាឱ្យអញ? នេះជាបញ្ជារបស់លោកមេឃុំ! ឥឡូវយើងប្រាប់ជាចុងក្រោយ ប្រញាប់ទៅផ្ទះឱ្យអស់។ មានកំណប់ឬគ្មាន ទុកឱ្យក្រុមការងារឃុំសង្កាត់គេធ្វើការ។ វាមិនមែនជារឿងដែលអ្នកភូមិគ្រប់គ្នា មកជីកដណ្តើមគ្នាអ៊ីចឹងទេ។ បើមានកំណប់មែន លោកមេឃុំប្រាកដជាយកទៅរាយការណ៍ដល់ថ្នាក់លើបន្ត ព្រោះវាជាទ្រព្យសម្បត្តិជាតិ ហើយក៏គង់តែយកមកអភិវឌ្ឍភូមិឃុំដដែលទេ។”

អ្នកភូមិស្ងាត់ជ្រាបលែងមាត់ក រួចបើកផ្លូវឱ្យក្រុមការងារប្រទេសជាតិ ដើរចូលទៅជីកដំបូកតាមក្បាលចិត្ត។ លោកមេឃុំនិងប្រពន្ធធ្វើមុខឆ្លេឆ្លាដូចមេខ្លាឃ្លោក។ ឯមេភូមិវិញខំដើរទៅញញឹមញញែមដាក់ថ្នាក់លើ “កុំតែបានលោកមេឃុំមកទេ! បើឱ្យអ្នកភូមិប្រជ្រៀតគ្នាគ្មានដឹងខ្យល់អ៊ីចឹង មិនដឹងថា គិតបែងចែកកំណប់យ៉ាងម៉េចកើតឡើយ។”

“អើ! បើមានកំណប់មែន ចាំខ្ញុំចែកឱ្យលោកឯង។ ប៉ុន្តែតើពិតជាមានកំណប់មែនអេះ?”

“បាទ! ប្រាកដណាស់! អ្នកភូមិទាំងអស់សុទ្ធតែយល់សប្តិឃើញដូចគ្នា ហើយខ្ញុំ ប្រពន្ធខ្ញុំ កូនខ្ញុំបីនាក់ទៀតក៏សុទ្ធតែយល់សប្តិឃើញគេប្រាប់កំណប់នេះដែរ។ បើសិនជាលោកមេឃុំរស់នៅភូមិនេះ ក៏ច្បាស់ជាបានយល់សប្តិនឹងគេឯងដែរមិនខាន។ តែឆ្ងល់ដែរ! បើប្រាប់កំណប់ ម៉េចចាំបាច់ប្រាប់មនុស្ស មួយភូមិអ៊ីចឹង?”

អូ! អ្នកភូមិទាំងឡាយមិនទាន់នាំគ្នាទៅផ្ទះវិញទេ នៅតែឈររេរាៗ ក្រឡឹងអ្នកជីកកំណប់ហ្នឹងដដែល។ ពួកគេប្រហែលជាគិតរៀងៗខ្លួនថា វាគ្មានអាណាសម្បូរគ្រាប់កាំភ្លើងបាញ់សម្លាប់មនុស្សគ្រប់គ្នាទេ ហើយបើទុកជាបាញ់ ក៏បាញ់អ្នកដទៃមុនខ្លួនដែរ។ ចំណែកខ្ញុំឯណេះអស់ពីឈរមើលគេភ្លឹកភ្លាំងមួយសន្ទុះ ក៏ល្មមអស់ចិត្តទៅផ្ទះវិញដែរ ស្រាប់តែ “ឃើញហិបដែកមួយហើយ!”

ឮសំឡេងនេះ មេឃុំក៏ស្រែកបញ្ជាយ៉ាងរំភើប “ឆាប់លើកមក៍! ទុកឱ្យអញបើកដោយផ្ទាល់ដៃ!”

អ្នកភូមិជ្រួលជ្រើមរត់ទៅមើលមេឃុំបើកហឹប។ ខ្ញុំគិតថា កំណប់ស្អីក៏កំណប់ទៅ! មនុស្សច្រើនយ៉ាងនេះវាគ្មានសល់ចំណែកខ្ញុំទេ។ ខ្ញុំដើរត្រឡប់ទៅផ្ទះវិញធ្វើមិនដឹង… បានប្រមាណបីនាទី…

“គ្រាំង!!!” មិនមែនស្នូរគ្រាប់កាំភ្លើងទេ! ឱនត្រចៀកមកខ្ញុំខ្សឹបប្រាប់ “…គឺ…កំណប់…មីន!”

កក្កដា ២០០៧
ដោយ សុខ ចាន់ផល

Horror Night - រាត្រី រន្ធត់'s photo.
Posted by: beanyim | May 24, 2016

កាបូបលុយ

13256519_566813543496149_3665985357054197754_nកាបូបលុយ

មិត្តភក្តិទូរស័ព្ទមកតឿនខ្ញុំឱ្យស្រូតទៅជួបជុំជប់លៀង ជាមួយពួកគេ។ ពេលបើកឡានចេញពីកន្លែងធ្វើការ ខ្ញុំឃើញជនរងគ្រោះម្នាក់ឈាមស្រោចជោកខ្លួន ដេកស្តូកស្តឹងនៅនឹងមាត់ផ្លូវចូលមន្ទីរពេទ្យ។ ឃើញខ្ញុំបើកកញ្ចក់ឡាន មីងម្នាក់ស្រែកប្រាប់ខ្ញុំ “លោកគ្រូពេទ្យ ជួយមើលគាត់ផង! គាត់ត្រូវឡានបុកធ្ងន់ណាស់ តែម្ចាស់ឡានរត់បាត់ស្រមោលហើយ។”

ខ្ញុំសម្លឹងមើលជនរងគ្រោះនោះម្តងទៀត មុននឹងបិទកញ្ចក់បើកឡានចេញទៅ។ គេថាមានតែអ្នកក្រនោះទេ ដែលដឹងសុខទុក្ខអ្នកក្រដូចគ្នា។ តួយ៉ាងដូចស្ថានភាពនេះ មនុស្សបីបួននាក់ដែលខ្វល់នឹងជនសន្លប់នោះសុទ្ធសឹងតែជាអ្នកក្រ ដែលរស់នៅម្តុំមន្ទីរពេទ្យ។ តាមមើលទៅអ្នករងគ្រោះនោះប្រហែលជាតាចាស់សុំទាន ដើរធ្វើពុតជាខ្វាក់ភ្នែក បាបកម្មក៏ត្រូវគេបុកឱ្យរាងចាល។

ខ្ញុំចតឡានស្រួលបួល រួចដើរចូលទៅក្នុងសួនរាត្រី។ ឆាកជីវិតដ៏សែនខ្លី តើមនុស្សត្រូវស្វែងរកន័យអ្វីឱ្យខ្លួនឯង? ការងារជាវេជ្ជបណ្ឌិត អត្ថន័យវដ្តសង្សារនៅជិតខ្ញុំបង្កើយ។ នៅក្នុងមន្ទីរពេទ្យតែមួយ ទារកដែលទើបនឹងកើតដំណាលគ្នានឹងចាស់ជរាដែលស្លាប់ទៅវិញ។ មានតែការសោយសុខទេ ទើបជាការងារពិតប្រាកដរបស់មនុស្ស។ ក្រេបស្រាដ៏ឈ្ងុយ អង្គុយកៀកកើយនារីដ៏ស្រស់សោភា តើអ្នកណាថាទេវតានៅលើមេឃ សប្បាយជាងមនុស្ស?

“លោកពូ! ជ្រុះកាបូបលុយហើយ!”

ខ្ញុំងាកទៅឃើញក្មេងស្រីលក់ផ្កាម្លិះម្នាក់ រត់យកកាបូបលុយមកហុចឱ្យខ្ញុំ។ ខ្ញុំសម្លឹងមុខវា រួចយកកាបូបលុយរបស់ខ្ញុំមកមើល។ ក្មេងស្រីនោះក៏ស្រាប់តែដើររុយទៅវិញ ធ្វើឱ្យខ្ញុំទៅជាឆ្ងល់នឹងអាកប្បកិរិយានេះ។

“ឈប់សិន!”

ក្មេងស្រីងាកមក ព្រមទាំងសួរខ្ញុំ “ពូចង់ទិញផ្កាអ្ហេះ?”

ខ្ញុំងក់ក្បាល ទើបវាដើរមកវិញ។ ខ្ញុំនៅតែសម្លឹងមើលវាគ្មានប្រិច មិនខ្វល់នឹងស្តាប់តម្លៃផ្កាម្លិះទេ ព្រោះខ្ញុំចង់ស្តាប់អារម្មណ៍របស់វាប៉ុណ្ណោះ។ ខ្ញុំសួរវាថា “ហេតុអ្វីឯងមិនយកកាបូបលុយខ្ញុំរត់ទៅផ្ទះទៅ?”

វាហាក់ឆ្ងល់នឹងសំណួរខ្ញុំ “ព្រោះវាជារបស់ពូ!”

“ឯងដឹងថានៅក្នុងកាបូបលុយនេះមានប្រាក់ប៉ុន្មានទេ?”

វាគ្រវីក្បាល។

“ប្រាក់ក្នុងកាបូបនេះអាចឱ្យឯងឈប់ដើរលក់ផ្កាបានប្រហែលមួយឆ្នាំ។”

វាសម្លឹងមុខខ្ញុំភ្លឹះៗ ទើបខ្ញុំថាឱ្យវា “តើឯងកំពុងស្តាយមែនទេ?”

“អត់ទេ! ខ្ញុំចូលចិត្តដើរលក់ផ្កា អត់ចង់ឈប់លក់ផ្កាផង!”

ខ្ញុំហាក់ដូចជាចង់សើចបន្តិចយំបន្តិច ហួសចិត្តនឹងក្មេងស្រីដ៏ល្ងង់ខ្លៅនេះ។ រួចខ្ញុំហូតលុយពីកាបូប ប្រាំម៉ឺនរៀលហុចឱ្យទៅវា។

“ផ្កាខ្ញុំមួយភួងតែមួយពាន់រៀលទេ!”

“យកទៅ ពូឱ្យឯង!” ខ្ញុំប្រាប់វា។

“តែ… ពុកម៉ែខ្ញុំមិនឱ្យយកប្រាក់អ្នកណាទទេៗឡើយ។”

“ជាប្រាក់សងគុណឯង ដែលរើសកាបូបលុយឱ្យពូ។”

ក្មេងស្រីបែរជាគ្រវីក្បាល “គ្រាន់តែរើសកាបូបលុយជូនពូប៉ុណ្ណឹង មិនលំបាកអីផង ហេតុអីត្រូវបានលុយសងគុណ? ពុកម៉ែខ្ញុំប្រាប់ថា ធ្វើមនុស្សត្រូវចេះជួយគ្នាទៅវិញទៅមក ទើបរស់នៅបានសប្បាយចិត្តទាំងអស់គ្នា។”

ខ្ញុំសើចរលាក់តិចៗដាក់វា “តើអ្នកណាគឺជាពុកម៉ែរបស់ឯង? ពួកគាត់គឺជាលោកសង្ឃ និងដូនជីអ្ហ៊ៃ?

“ពុកខ្ញុំជាកម្មករសំណង់ ម៉ែខ្ញុំលក់បន្លែនៅផ្សារ។”

ខ្ញុំនៅស្ងៀមទ្រឹង ព្រោះខួរក្បាលដូចជាច្របូកច្របល់នឹងពាក្យមួយម៉ាត់ៗរបស់ក្មេងស្រីនេះ។ ឃើញសភាពខ្ញុំ វាក៏ប្រាប់ខ្ញុំទៀត “ពុកម៉ែខ្ញុំតែងតែប្រាប់ខ្ញុំថា ជួយគ្នាគឺជារឿងធម្មតារបស់មនុស្ស។ ខ្ញុំសប្បាយចិត្តណាស់ដែលអាចជួយរើសកាបូបលុយជូនពូ ព្រោះបើពូបាត់កាបូបលុយ ពូនឹងស្តាយមិនសប្បាយចិត្ត។ ពុកម៉ែខ្ញុំឱ្យចេះយកចិត្តគេប្រៀបនឹងចិត្តខ្លួនឯង ហើយត្រូវជួយអ្នកដទៃឱ្យដូចជួយខ្លួនឯង។”

ពិតជាល្ងង់ បង្រៀនកូនឱ្យល្ងង់មែន! ខ្ញុំបញ្ចើចឱ្យវាថា “ពុកម៉ែឯងតែងតែប្រដៅទៀតថា ធ្វើល្អបានល្អមែនទេ?”

“ចាស! ពុកម៉ែខ្ញុំថា មនុស្សតែងតែដណ្តើមគ្នាធ្វើអំពើអាក្រក់ មិនសូវមានអ្នកដណ្តើមគ្នាធ្វើអំពើល្អឡើយ។ តាមពិតធ្វើអំពើល្អគ្មានអីលំបាកទេ។”

ក្មេងស្រីនេះនិយាយគ្រប់ម៉ាត់សុទ្ធតែពាក្យម៉ែឪវា ខ្ញុំក៏សួរម៉ែឪវាតាមរយៈវាថា “ចុះកន្លងមកគ្រួសារឯងធ្វើអំពើល្អ បានផលល្អអីខ្លះហើយ?”

“មិនឃើញបានអីផង!”

ខ្ញុំសើចខឹកៗ “ក្រែងថាធ្វើល្អបានល្អអ្ហេះ?”

“ពុកម៉ែខ្ញុំថា បើធ្វើល្អចង់បានផល មិនមែនមានន័យថាធ្វើល្អទេ!”

ខ្ញុំនៅទ្រឹងជាលើកទីពីរ គិតថាគ្រួសារពិតជាសាលារៀនទីមួយរបស់មនុស្សមែន។ កម្មករសំណង់ និងអ្នកលក់បន្លែ មានន័យថាជាមនុស្សបរាជ័យបាត់ទៅហើយ ឬក៏ពួកគេចង់ឱ្យកូនដើរតាមគន្លងរបស់ខ្លួន? ឃើញខ្ញុំនៅស្ងៀម ក្មេងស្រីនោះប្រុងដើរចេញ តែខ្ញុំឃាត់វាសួរទៀត “តើថ្ងៃក្រោយឯងចង់ធ្វើការអី ឬក៏ចង់ដើរលក់ផ្ការហូត?”

វាគិតបន្តិចទើបឆ្លើយ “ពុកម៉ែខ្ញុំប្រាប់ថា ការងារអីក៏ល្អដែរ ឱ្យតែមនុស្សចេះឱ្យតម្លៃ។ ពុកជាកម្មករសំណង់សង់ផ្ទះឱ្យមនុស្សនៅ ម៉ែគឺជាអ្នកលក់បន្លែឱ្យគេយកទៅធ្វើម្ហូប ឯខ្ញុំក្រៅពីទៅរៀនក៏ដើរលក់ផ្កា គ្រាន់បានប្រាក់ចំណេញបន្ថែមជួយពួកគាត់។”

មនុស្សល្អតែងត្រូវមនុស្សអាក្រក់ធ្វើបាប។ មនុស្សដូចជាពុកម៉ែក្មេងនេះប្រាកដជាត្រូវគេធ្វើបាប រហូតក្លាយជាមនុស្សកំសាកអស់ទៅហើយ។ ខ្ញុំសួរវាទៀតថា “តើពួកឯងមិនដែលចង់បានទ្រព្យសម្បត្តិទេ មែនទេ?”

“ពុកម៉ែខ្ញុំធ្លាប់ប្រាប់ខ្ញុំថា ទ្រព្យសម្បត្តិចាំបាច់ជាងគេគឺគុណធម៌។ រស់នៅត្រូវរៀនឱ្យខ្លួនឯងមានគុណធម៌។”

គុណធម៌ពេកទើបមួយជាតិនៅតែក្ររហាម។ ក្មេងស្រីក៏ដើរចេញពីខ្ញុំ ទៅលក់ផ្ការបស់វាបន្ត។ វាប្រាកដជាគិតរហូត ក្រែងអាចធ្វើអំពើល្អលើអ្នកណាម្នាក់ ដើម្បីប្រាប់ឱ្យម៉ែឪវាសប្បាយចិត្ត។ ពិតចំជាមនុស្សម្នាក់ក្នុងមួយលាននាក់មែន! ហ៊ឹះ!… ហាស! ហាស! កម្មករមានគុណធម៌អ៊ីចឹងតើ បាននៅតែកម្មករ!… ខ្ញុំសប្បាយចិត្តណាស់ ដែលអាចជួយរើសកាបូបលុយជូនពូ… មនុស្សតែងដណ្តើមគ្នាធ្វើអំពើអាក្រក់… ធ្វើអំពើល្អចង់បានផល មិនមែនមានន័យថាធ្វើល្អទេ… រស់នៅត្រូវរៀនឱ្យខ្លួនឯងមានគុណធម៌… ហាស! ហាស!… ការងារអីក៏មានតម្លៃដែរ សូម្បីតែអ្នកលក់បន្លែ… ទម្រាំខ្ញុំជាវេជ្ជបណ្ឌិត… ហាស!…

ខ្ញុំនឹកឃើញសើចៗ។ មិននឹកស្មានថា ព្រោះតែពាក្យរបស់ក្មេងស្រីលក់ផ្កាម្នាក់ ធ្វើឱ្យខ្ញុំដើរលែងចង់ទៅមុខ រហូតដល់ឈប់ធ្មឹង សម្លឹងទៅរកទីកន្លែងដែលខ្ញុំធ្លាប់តែរកន័យឱ្យជីវិត។ មិត្តភក្តិខ្ញុំប្រាកដជាកំពុងអន្ទះសាចាំផ្លូវខ្ញុំ។ សំណើចក្អាកក្អាយក៏នឹងត្រៀមសើចឱ្យអស់រឿងសៅហ្មងក្នុងចិត្ត។ ប៉ុន្តែ… ខ្ញុំ ស្រាប់តែរត់ត្រឡប់ក្រោយវិញ។ ខ្ញុំបើកឡានយ៉ាងលឿនសំដៅទៅមន្ទីរពេទ្យ។ ជនគ្រោះថ្នាក់ចរាចរណ៍នោះនៅតែដេកស្រោចឈាម គ្មានអ្នកណារវីរវល់ដដែល។ គ្រូពេទ្យពិតជាដណ្តើមគ្នាធ្វើអាក្រក់មែន! តើអ្នកណាល្ងង់ដូចក្មេងស្រី ដែលរើសកាបូបលុយឱ្យខ្ញុំទទេៗនោះ?

ខ្ញុំប្រាប់ឱ្យគ្រូពេទ្យប្រញាប់រៀបចំការវះកាត់ឱ្យជនរងគ្រោះជាបន្ទាន់។ ពួកគេប្រាកដជាឆ្ងល់ថា តើនឹងទៅយកប្រាក់ព្យាបាលពីអ្នកណា? រួចក៏ធ្វើតាមខ្ញុំ ទាំងចុងដៃចុងជើង។ ខ្ញុំចាប់ផ្តើមវះកាត់ជើងរបស់ជនរងគ្រោះ ដើម្បីឱ្យថ្ងៃក្រោយគេអាចដើរបានដូចជាខ្ញុំដែរ។ អារម្មណ៍ធ្វើការម្តងនេះគឺស្ងប់ស្រស់ថ្លា ប្រហែលជាបានមកពីក្តីប្រាថ្នាជួយគេទេដឹង? ខ្ញុំនៅតែនឹកឃើញពាក្យសម្តីរបស់ក្មេងស្រីលក់ផ្កា ហើយក៏ជ្រួតជ្រាបម្តងបន្តិចៗ។

ទីបំផុតការវះកាត់ទទួលជោគជ័យល្អណាស់។ វាគឺជាលើកទីមួយដែលខ្ញុំសប្បាយចិត្តនឹងការងារដល់ថ្នាក់នេះ។ មនសិការវិជ្ជាជីវៈខ្ញុំចាំច្បាស់ណាស់ ប៉ុន្តែទើបតែយល់នៅពេលនេះឯង។ ខ្ញុំស្រមៃឃើញសាច់ញាតិរបស់ជនរងគ្រោះ ដែលត្រេកអរព្រោះប្តី ឪពុក ឬបងប្រុសរបស់ពួកគេអាចរស់ជួបជុំពួកគេបន្តទៀត។ ឱ! នេះហើយគឺជារឿងសប្បាយពិតប្រាកដរបស់ខ្ញុំ!

ខ្ញុំបើកឡានទៅផ្ទះសម្រាក ក៏ស្រាប់តែក្រឡេកឃើញក្មេងស្រីលក់ផ្កាកំពុងដើរជាមួយស្ត្រីចំណាស់ម្នាក់ ទំនងជាម្តាយរបស់វា។ ខ្ញុំឈប់ឡាន ដើរចេញទៅរកវា “អេ! ឯងដើរទៅណាហ្នឹង?”

ក្មេងស្រីនិងម្តាយវាសម្លឹងមុខគ្នាស្ទើរតែស្រក់ទឹកភ្នែក ទើបប្រាប់ខ្ញុំថា “ពុកខ្ញុំបាត់តាំងពីល្ងាច មិនឃើញគាត់ត្រឡប់ទៅផ្ទះសោះ! ពួកខ្ញុំបារម្ភថាគាត់ខ្យល់គរ ឬគ្រោះថ្នាក់នៅតាមផ្លូវ…”

ខ្ញុំភ្ញាក់ព្រើត រួចក៏ជូនពួកគេទៅមើលអ្នកជំងឺដែលខ្ញុំបានជួយសង្គ្រោះនោះ។ ទាំងពីរនាក់ម្តាយកូនរត់ទៅឱបអ្នកជំងឺ ដែលទើបតែដឹងខ្លួន ទាំងទឹកភ្នែកហូរសស្រាក់។ ខ្ញុំខ្លោចចិត្តអាណិតពួកគេ រួចហូរទឹកភ្នែក រកទប់មិនឈ្នះ។ ទាំងបីនាក់បែរមុខមកខ្ញុំ ហើយសំពះអរគុណខ្ញុំ ទុកខ្ញុំដូចជាព្រះ។

ខ្ញុំប្រាប់ពួកគេវិញថា “គឺខ្ញុំវិញទេ ដែលត្រូវអរគុណអ្នកទាំងបី!”

គ្មានអ្វីរីករាយជាងបានធ្វើអំពើល្អទេ ហើយគ្មានអ្វីត្រេកអរជាងការភ្ញាក់រឭកឡើយ។ ធ្វើល្អពិតជាបានល្អមែន! បើក្មេងស្រីនោះមិនយកកាបូបលុយមកឱ្យខ្ញុំវិញ នាងប្រហែលជាត្រូវឃ្លាតពីឪពុកនាងជារៀងរហូត…៕

តែងនៅថ្ងៃទី៥ មិថុនា ២០០៨

វី ឡាវ័ន

Vylavorn

ប៉ុសិ៍្ត ដោយសុភក្រ

អាល្អិតប្រើក្បាច់កុន កុងហ្វូ ជាមួយមេមាន់ ចាំអង្កាលរត់បាតជើងស ព្រាត ។

សម័យ​បច្ចុប្បន្ន​មានការ​និយម​ពីបុរស​មួយ​ចំនួន អំពី​ការវះ​កាត់ប្តូរ​ភេទ​ពីបុរស ទៅ​ស្រ្តី។ វីដេអូខាង​ក្រោម នេះ​លោក​អ្នក​អាច​ទស្សនា​អំពី​សកម្មភាព​ទាំង​នោះ ថា តើការ​វះកាត់​ប្រព្រឹត្តទៅ​យ៉ាង​ដូច​ម្តេច៕

Older Posts »

Categories

Follow

Get every new post delivered to your Inbox.

Join 1,593 other followers